ការងារថែទាំសុខភាពប្រជាជនជាមួយនឹងការចុះពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃនៅតាមភូមិនិគម ទីប្រជុំជនបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងភារកិច្ចនយោបាយរបស់កងទ័ពការពារព្រំដែនខេត្ត ឡាងសឺន រួមចំណែកលើកកម្ពស់គុណភាពជីវភាព ពង្រឹងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន។
ផ្សារភ្ជាប់ជាមួយភូមិនិគម
កម្មាភិបាលពេទ្យយោធានៃប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ តែងតែចុះទៅកាន់មូលដ្ឋានជាទៀងទាត់ ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅតំបន់ជួបលំបាក។
លោកស្រី ឌិញ ធីមីន នៅភូមិ ណាសា ចែករំលែកថា៖ រៀងរាល់ខែ កម្មាភិបាលការពារព្រំដែនបានសហការជាមួយមណ្ឌលសុខាភិបាលឃុំ ដើម្បីរៀបចំការពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃជូនមាមីងបងប្អូនដូច្នេះហើយអ្នកណាក៏សប្បាយចិត្តខ្លាំង។
អ្នកថែទាំអ្នកជំងឺ ទ្រៀវ ធីហ្វែ កម្មាភិបាលមណ្ឌលសុខាភិបាលឃុំ កាវឡុក ឲ្យដឹងថា៖ ពេទ្យយោធានៃប៉ុស្តិ៍ការពារព្រំដែនបានចូលរួមពិនិត្យសុខភាព ចែកថ្នាំជូនប្រជាជន រក្សាឲ្យទៀងទាត់មួយត្រីមាសម្តងនៅក្នុងភូមិសាស្រ្ត។
វរសេនីយ៍ត្រី ង្វៀន វ៉ាន់ជុក ពេទ្យយោធានៃប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ ចែករំលែកថា៖ ក្រៅពីការចែកថ្នាំ កងកម្លាំងពេទ្យយោធានឹងផ្តោតលើការផ្តល់ប្រឹក្សា ដើម្បីឲ្យប្រជាជនដឹងពីរបៀបបង្ការជំងឺ និងព្យាបាលបានត្រឹមត្រូវ។
វរសេនីយ៍ទោ លឺវ ង៉ុកសឺន ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ បានគូសបញ្ជាក់ច្បាស់ថា៖ សកម្មភាពពេទ្យយោធារួមចំណែកលើកកម្ពស់សុខភាពប្រជាជន និងពង្រឹងតួនាទីប្រជាចលនារបស់កងទ័ពការពារព្រំដែន។
ការថែទាំសុខភាពបងប្អូនជនជាតិ
ការងារសុខាភិបាលព្រំដែនផ្សារភ្ជាប់ជាមួយការឃោសនាការពារជំងឺ និងការសហការយ៉ាងស្អិតល្មួតជាមួយប្រព័ន្ធសុខាភិបាលមូលដ្ឋាន។
យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ង្វៀន ស្វឹនថាញ់ អគ្គស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត ឡាងសឺន៖ គំរូគ្រូពេទ្យពាក់ស័ក្តិបៃតងបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនជាង ៣៣.៦០០ លើកនាក់ បញ្ជាក់តួនាទីជាក់ស្តែងនៅតំបន់ព្រំដែន។
ការសហការរវាងកងទ័ពការពារព្រំដែន និងសុខាភិបាលមូលដ្ឋានបានរួមចំណែកធ្វើឲ្យសម្រេចសេចក្តីសម្រេចលេខ 72/NQ-TW របស់ការិយាល័យនយោបាយស្តីអំពីការថែទាំសុខភាពប្រជាជន។
នាពេលខាងមុខ កងទ័ពការពារព្រំដែន ឡាងសឺន នឹងបន្តរក្សាគំរូ ជំរុញការឃោសនាផ្លាស់ប្តូរការយល់ដឹង និងការពារសុខភាពជូនបងប្អូនជនជាតិនៅជាយដែន៕
អត្ថបទនិងរូបថត៖ ក្វាងយុយ
ប្រែសម្រួល៖ ចន្ថា