ចាប់ផ្តើមដាំប្លុងខ្ទឹមតាំងពីឆ្នាំ ២០០៥ លោក វ៉ វៀតឡឹម នាយកសហករណ៍ អាទ្រុងដុង ភូមិ មៃភូដុង ឃុំ ចូវធើយ (ខេត្ត កាម៉ៅ) ជាអ្នកជម្រុលទឹកចិត្តដល់កសិករ ជាច្រើនក្រុមគ្រួសារ នៅក្នុងឃុំអំពីរបរដាំប្លុងខ្ទឹមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ លោក ឡឹម បានឲ្យដឹងថា ប្លុងខ្ទឹម មិនចាំបាច់ថែទាំក៏នៅតែលូតលាស់ល្អដែរ ធន់បានដីជូរ និងលិចទឹក។ តាំង ពីដាំប្លុងខ្ទឹម គ្រួសារលោករកបានប្រាក់ចំណូល ១ លានដុងក្នុងមួយថ្ងៃ សេដ្ឋកិច្ចរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយយល់ឃើញថាគំរូដាំប្លុងខ្ទឹមនាំមកនូវ ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ប្រជាជនជាច្រើនក្រុមគ្រួសារផ្សេងៗ ទៀតនៅឃុំ ចូវធើយ បានក្លៀវក្លាហ៊ាន ធ្វើបរិវត្តកម្មដីស្រែមិនសូវមានប្រសិទ្ធភាពងាកមកដាំប្លុងខ្ទឹម។ តួយ៉ាងដូចជា ក្រុមគ្រួសារលោកស្រី ឡឹម ធីម៉ាយ រាប់តាំងពីពេល ធ្វើបរិវត្តកម្មដីស្រែជ្រាប ជាតិជូរចំនួន ៥.០០០ ម៉ែត្រការ៉េមកដាំប្លុងខ្ទឹម ថ្ងៃណាគ្រួសារក៏មានប្លុងទុក លក់ដោយមានតម្លៃពី ១០.០០០ ដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ យោងតាមលោកស្រី ម៉ាយ ការដាំប្លុងខ្ទឹមផ្តល់ប្រាក់ចំណូលចំនួន ១០០ លាន ដុងក្នុងមួយឆ្នាំខ្ពស់ជាងដាច់បើប្រៀបធៀប ជាមួយដាំដុះស្រូវ។
ប្លុងខ្ទឹមត្រូវបានចាត់ទុកថាជាប្រភេទបន្លែស្អាត ត្រូវបានអតិថិជននិយម ចូលចិត្ត។ លោក តូ ថាញ់ហាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ចូវធើយ បានឲ្យដឹងថា៖ "បច្ចុប្បន្នឃុំនេះមានក្រុមគ្រួសារជាង ៥០ គ្រួដាំ ប្លុងខ្ទឹម។ ឆ្លងតាមការធ្វើស្ថិតិ គំរូដាំប្លុងខ្ទឹមនាំមក នូវប្រសិទ្ធភាពសេដ្ឋកិច្ច ខ្ពស់ជាង ២ ដល់ ៣ ដងប្រៀបធៀបជាមួយដាំដុះស្រូវ។ ក្រៅពីប្រាក់ចំណូល នាំមកពីការដាំប្លុងខ្ទឹម អ្នកដាំប្លុងខ្ទឹមក៏មានប្រាក់ចំណូល ពីការចិញ្ចឹមត្រី ក្នុងបណ្តាវាលដាំប្លុងទៀតផង"។
ផ្តើមពីស្មៅព្រៅដុះឯង ដើមប្លុងខ្ទឹមឥឡូវនេះបានក្លាយជាផលិតផល ពិសេសជួយកសិករឃុំ ចូវធើយ (ខេត្ត កាម៉ៅ) មានប្រាក់ចំណូលធូរធារ ជីវភាពរស់នៅកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមគ្រួសារជាច្រើន ក្នុងមួយឆ្នាំមានប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយហិកតា ឈោង ឈានឡើងធូរធារមានបាន រួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានអនុវត្ត ជោគជ័យការផ្លាស់ប្តូររចនាសម័្ពន្ធផលិតកម្ម។
លោក វ៉ វៀតឡឹម ប្រធានក្រុមប្រឹក្សាភិបាល នាយកសហករណ៍ឃុំ អាទ្រុងដុង ភូមិ មៃភូដុង ឃុំ ចូវធើយ (ខេត្ត កាម៉ៅ) គឺជាអ្នកជម្រុលទឹកចិត្តឲ្យកសិករក្នុង មូលដ្ឋានអំពីមុខរបរដាំប្លុងខ្ទឹមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ៕
អត្ថបទ និងរូបថត៖ ទន់គៀត
ប្រែសម្រួល៖ សឺន ហេង