យោងតាមលោក ឡេ ហ្វាងសឺន ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងថាញ់ មានអ្នកបោះឆ្នោតជាង ៣.២៥០ នាក់នៅក្នុងឃុំ ឡុងថាញ់ កំពុងធ្វើការនៅអាកាសយានដ្ឋានឡុងថាញ់។ សូមអរគុណចំពោះការពិនិត្យឡើងវិញនូវការចុះឈ្មោះបោះឆ្នោតប្រកបដោយប្រសិទ្ធភាព ការផ្លាស់ប្តូរការិយាល័យបោះឆ្នោត និងការឃោសនា និងការណែនាំកាន់តែប្រសើរឡើង ពលករបណ្តោះអាសន្នទាំងអស់នៅអាកាសយានដ្ឋានឡុងថាញ់បានបោះឆ្នោតនៅព្រឹកនេះ។
អ្នកស្រី ទ្រឿង ធីយ៉េន ជាពលករនៅក្រុមហ៊ុនមួយក្នុងសួនឧស្សាហកម្ម សុងម៉ាយ កំពុងកាន់សន្លឹកឆ្នោតនៅក្នុងដៃ បាននិយាយថា បន្ទាប់ពីធ្វើការវេនយប់រួច អ្នកស្រីបានប្រញាប់ប្រញាល់ទៅកាន់ការិយាល័យបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចស៊ីវិលដោយបោះឆ្នោត។ អ្នកស្រី យ៉េន សង្ឃឹមសមាជិកជាប់ឆ្នោតនឹងតំណាងឱ្យសំឡេង សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននៅក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
នៅការិយាល័យបោះឆ្នោតលេខ ១៥ គណៈកម្មាធិការរៀបចំការបោះឆ្នោតលេខ ៥ សង្កាត់ ដុងស្វាយ អ្នកបោះឆ្នោត ហុងលិញ (ជនជាតិ តៃ) បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ ហើយទន្ទឹងរង់ចាំតំណាងរាស្ត្រជាប់ឆ្នោតជាស្ពានមួយដើម្បីនាំយកសំឡេងរបស់ប្រជាជនយើងទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់គោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជនជាតិភាគតិច”។
អ្នកបោះឆ្នោត ត្រឹន ភឿក ហាយ (ស្រុក តឹនឡុក សង្កាត់ តាមហៀប) បានចែករំលែកថា៖ “បន្ទាប់ពីពិនិត្យមើលជីវប្រវត្តិ ខ្ញុំឃើញថាបេក្ខជនសម្រាប់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនសង្កាត់តាមហៀប សុទ្ធតែមានសញ្ញាបត្រអប់រំខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការងារ។ ខ្ញុំសង្ឃឹមថា សមាជិកជាប់ឆ្នោតនឹងបំពេញសិទ្ធិ និងកាតព្វកិច្ចដោយរួមចំណែកដល់ការកសាងប្រទេសជាតិមួយកាន់តែមានអរិយធម៌ វិបុលភាព និងស្រស់ស្អាត”។
ខេត្ត ដុងណាយ មានមណ្ឌលបោះឆ្នោតចំនួន ៦ សម្រាប់ជ្រើសរើសសមាជិករដ្ឋសភា មណ្ឌលបោះឆ្នោតចំនួន ២៨ សម្រាប់ជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត និងមណ្ឌលបោះឆ្នោតចំនួន ៦៥១ សម្រាប់ជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ និងសង្កាត់។
ខេត្ត ដុងណាយ មានបេក្ខជនចំនួន ៣០ រូបសម្រាប់រដ្ឋសភា បេក្ខជនចំនួន ១៤២ រូបសម្រាប់ក្រុមប្រឹក្សាប្រជាជនខេត្ត និងបេក្ខជនចំនួន ៣.៧២៤ រូបសម្រាប់ក្រុមប្រឹក្សាប្រជាជនឃុំ
អត្ថបទនិងរូបថត៖ក្រុមអ្នកយកព៌តមានទីភ្នាក់ងារពត៌មានវៀតណាមប្រចាំខេត្ត ដុងណាយ
ប្រែសម្រួល៖ សឺន ហេង