សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះមាមីងបងប្អូនជនជាតិ ខ្មែរ រួមចំណែកក្នុងការពង្រឹងការជឿទុកចិត្ត ពង្រឹងធ្លុងមហាសាមគ្គីជនជាតិ ថែរក្សា និងលើកស្ទួយរាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បងប្អូនជនជាតិ។
ក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរនិងប្រគេនពរឆ្នាំថ្មីសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វត្តមុនីវង្សាបុប្ផារាម (សង្កាត់ អានស្វៀន) វត្តឃោសិតារាម (ឃុំ ហ៊ឹងហូយ) និងវិទ្យាល័យអន្តេវាសិកជនជាតិខេត្ត (ឃុំ ហ្វាប៊ិញ)។
សមមិត្ត ឡឹម វ៉ាន់ម៉ឹន ជាមួយនឹងសមាជិកក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងជូនពរនិងប្រគេនពរឆ្នាំថ្មីដល់ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្ត អាចារ្យ កម្មាភិបាល គ្រូបង្រៀន សិស្ស និងមាមីងបងប្អូនជនជាតិ ខ្មែរ នៅក្នុងមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាកត់សម្គាល់ការរួមចំណែកយ៉ាងវិជ្ជមានរបស់ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការវត្ត អាចារ្យ និងបងប្អូនជនជាតិ ខ្មែរ ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ ខ្មែរ ពង្រីកឱ្យទូលាយស្មារតីសាមគ្គី គោរពតាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។
ជំនួសមុខព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ និងពុទ្ធបរិស័ទ ព្រះតេជគុណ ហ៊ឺវហ៊ិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត កាម៉ាវ និងជាព្រះចៅអធិការវត្តឃោសិតារាមបានថ្លែងការអរគុណថ្នាក់ដឹកនាំបក្សនិងរដ្ឋដែលបានយកចិត្តទុកដាក់ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ ខ្មែរ។ ព្រះតេជគុណបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់នេះនឹងរឹតបន្តឹងសាមគ្គីភាពជាមួយនឹងបងប្អូនជនជាតិផ្សេងៗទៀតនៅក្នុងសហគមន៍ ពុះពារជម្នះការលំបាក និងរួមកម្លាំងគ្នាកសាងស្រុកកំណើត កាម៉ាវ កាន់តែរីកចម្រើនថែមទៀត។
លោក ង៉ូ វូថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ាវ បានបញ្ជាក់ថា កិច្ចការជនជាតិ ជំនឿ និងសាសនានៅក្នុងខេត្តនៅតែបន្តទទួលបានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងស្អិតល្មួតពីគណៈកម្មាធិការបក្សខេត្ត ការប្រតិបត្តិការដ៏ម៉ឺងម៉ាត់ពីគណៈកម្មាធិការប្រជាជនខេត្ត និងការសហការយ៉ាងល្មួតរបស់មន្ទីរ គណៈកម្មការ ផ្នែក និងមូលដ្ឋាន។
រាល់កម្មវិធី គម្រោងការណ៍ គោលនយោបាយសម្រាប់បងប្អូនជនជាតិតែងតែត្រូវបានដំណើរការយ៉ាងពេញលេញ ទាន់ពេលវេលា និងមានប្រសិទ្ធភាពជានិច្ច។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យ កាម៉ាវ សម្រេចរួចរាល់គោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម អត្រាក្រុមគ្រួសារបងប្អូនជនជាតិស្ថិតក្នុងភាពក្រីក្រនៅត្រឹមតែ ២% ប៉ុននោះ។ ជាពិសេសគឺ ១០០% បងប្អូនជនជាតិដែលរស់នៅក្នុងតំបន់លំបាកត្រូវបានផ្តល់ការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។ ទាំងនេះគឺជាលទ្ធផលដ៏លេចធ្លោ និងគួរឱ្យលើកទឹកចិត្តយ៉ាងខ្លាំងដែលរួមចំណែកដល់ការកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិ។
នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ ក្រុមការងារបានប្រគេនទេយ្យទានទៅព្រះសង្ឃ គណៈកម្មការវត្ត និងជូនអំណោយក្រុមគ្រួសារជនជាតិ ខ្មែរ គំរូ និងសិស្ស ខ្មែរ ឆ្នើមចំនួន ១០នាក់៕
ព័ត៌មាន និងរូបថត៖ ចិន្តា
ប្រែសម្រួល៖ អៀងថាន់