ពីផ្លូវធ្វើដំណើររហូតដល់មុខរបរចិញ្ចឹមជីវិតថ្មី
អាស្រ័យដោយមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពស៊ីសង្វាក់គ្នា និងគោលនយោបាយជនជាតិមានប្រសិទ្ធភាព មុខមាត់តំបន់បងប្អូនជនជាតិ ខ្មែរ នៅ កាម៉ៅ បានប្រែប្រួលយ៉ាងច្បាស់ក្រឡែត។ ប្រជាជននៅតាមមូលដ្ឋាននានាបានកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ និងផលិតកម្មកសិកម្មមានការអភិវឌ្ឍយ៉ាងខ្លាំង។
លោក ហ៊ឺវកែល (នៅភូមិ កី ឃ ឃុំ ហូធីគី) ចែករំលែកថា៖ “អាស្រ័យដោយមានការយកចិត្តទុកដាក់វិនិយោគពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឥឡូវនេះមានផ្លូវបេតុងហើយទើបការធ្វើដំណើរទៅមក ការសិក្សានិងការដោះដូរពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល។ ជីវភាពអាស្រ័យហេតុនេះក៏កាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
មានការយល់ឃើញដូចគ្នាដែរ លោក យ៉ាញ់ថ្វយ (នៅឃុំ ផឿកឡុង) វាយតម្លៃខ្ពស់ចំពោះការប្រើយន្តូបនីយកម្ម៖ “ចាប់ពីការព្រោះស្រូវរហូតដល់ការប្រមូលផល អ្វីៗ សុទ្ធតែមានម៉ាស៊ីនធ្វើទាំងអស់។ កសិករមិនសូវហត់នឿយច្រើនដូចកាលពីមុនទៀតឡើយ។ ផ្លូវថ្នល់ធ្វើដំណើរទៅមកងាយស្រួល ដូច្នេះហើយការប្រមូលផលក៏រលូន ហើយលក់បានថ្លៃដែរ”។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត កាម៉ៅ លោក ង៉ូ វូថាំង អញ្ជើញមានប្រសាសន៍៖ ខេត្តកំណត់គោលនយោបាយជនជាតិគឺជាភារកិច្ចសំខាន់ ហើយយូរអង្វែង។ រយៈពេលកន្លង ខេត្តបានដាក់ដំណើរការប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ សេចក្តីសម្រេច ផែនការអភិវឌ្ឍតំបន់បងប្អូនជនជាតិ ព្រមទាំងគួបផ្សំជាមួយកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រនានា។ កម្មវិធី គម្រោងការខាងលើបានជួយឱ្យជីវភាពផ្នែកសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ មានការរីកចម្រើនយ៉ាងវិជ្ជមាន។
ខេត្ត កាម៉ៅ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកស្ទួយតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការចលនាបងប្អូនជនជាតិជំរុញការអភិវឌ្ឍផលិតកម្ម ការផ្លាស់ប្តូរមុខរបរចិញ្ចឹមជីវិត ការប្រើវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន ចូលរួមយ៉ាងសកម្មក្នុងបណ្តាកម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី។
ការថែរក្សាវប្បធម៌ កសាងសហគមន៍
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការងារអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី និងការរៀបចំសម្រាប់ពិធីបុណ្យសែនដូនតា ឆ្នាំ ២០២៦ កំពុងត្រូវបានខេត្ត កាម៉ៅ អនុវត្តយ៉ាងស៊ីសង្វាក់គ្នា។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គិតគូរយ៉ាងសកម្មដល់ជីវភាពសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិ។
មន្ទីរកិច្ចការជនជាតិ និងសាសនាខេត្តបានប្រគល់ភារកិច្ចឱ្យតាមដានស្ថានការណ៍ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ មុន ក្នុង និងក្រោយឱកាសបុណ្យ សហការជាមួយបណ្តាមូលដ្ឋានត្រួតពិនិត្យុមើលឡើងវិញ រៀបចំបញ្ជីឈ្មោះបណ្តាវត្តអារាម ខ្មែរ សាលាឆទាន សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះសង្ឃ សមណសក្តិ អ្នកមុខអ្នកការ អ្នកមានប្រជាប្រិយភាព និងបណ្តាមុខសញ្ញាទទួលផលគោលនយោបាយ ដើម្បីធ្វើសេនាធិការ ជូនគណៈកម្មាធិការប្រជាជនខេត្តរៀបចំការចុះសួរសុខទុក្ខ ជួយជ្រោមជ្រែងតាមបទប្បញ្ញត្តិ។
ព្រះតេជព្រះគុណ ថាច់ហា អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនា វៀតណាម ខេត្ត កាម៉ៅ អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត កាម៉ៅ និងជាព្រះចៅអធិការវត្ត មុនីវង្សា បុប្ផារាម មានថេរដីកាថា៖
បងប្អូនជនជាតិ ខ្មែរ តែងតែប្រឹងប្រែងឥតឈប់ឈរ ចូលជិត និងប្រើវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងលំនឹងសេដ្ឋកិច្ច ទន្ទឹមនឹងនោះចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ផ្សព្វផ្សាយ និងពង្រីកឲ្យទូលុះទូលាយអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកកសាងមាតុភូមិ កាម៉ៅ ឱ្យមានអារ្យធម៌ ទំនើប និងរុងរឿង។
យោងតាមមន្ទីរជនជាតិ និងសាសនាខេត្ត កាម៉ៅ នាពេលខាងមុខខេត្តនឹងបន្តបញ្ជ្រាប និងរៀបចំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ផ្តោតលើការដឹកនាំបង្គាប់ការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបណ្តាសេចក្តីសម្រេចរបស់រដ្ឋសភា បណ្តាកម្មវិធីគោលដៅជាតិ និងគោលនយោបាយចំពោះតំបន់ជនជាតិ។ ក្នុងនោះ យកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពអប់រំ ការថែទាំសុខភាពប្រជាជន ការអភិវឌ្ឍប្រភពធនធានមនុស្ស ធានាសុខុមាលភាពសង្គម និងលើកកម្ពស់ជីវភាពរស់នៅផ្នែកសម្ភារ និងស្មារតីរបស់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហាន៕
ផលិត៖ ចិន្តា
ប្រែសម្រួល៖ ចន្ថា