ផ្តើមពីក្រុមគ្រួសារក្រីក្រពុះពារឈានឡើងដោយដើមទុនអនុគ្រោះ
នៅឃុំព្រំដែន សឺនហុង ប្រភពទុនឥណទានគោលនយោបាយបានក្លាយជាមុខរបរចិញ្ចឹមជីវិតសំខាន់ជួយបណ្តាគ្រួសារដែលមានស្ថានភាពលំបាកវិនិយោគទៅលើការចិញ្ចឹមក្របី គោ និងក្តាន់បន្តពូជប្រកបដោយប្រសិទ្ធភាព។
តួយ៉ាងដូចជាក្រុមគ្រួសារលោក ត្រឹន ញ៉ឹតលេ នៅភូមិ ទ្រុងលិញ ទទួលបានប្រាក់កម្ចីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អប្រជុំជីវភាពក្នុងគ្រួសារ។ លោក លេ ចែករំលែកថា៖ “អាស្រ័យដោយមានប្រភពទុនកម្ចី គ្រួសារខ្ញុំបានផ្តោតលើការចិញ្ចឹមសត្វ។ រៀងរាល់ឆ្នាំ ប្រាក់ចំណូលទទួលបានមកពីការលក់ក្របី និងគោប្រមាណពី ២០ ទៅ ៣០ លានដុង។ អត្រាការប្រាក់ទាបជាងតុល្យភាពទូទៅទើបការបង់ការប្រាក់ប្រចាំខែក៏ស្រាលជាងដែរ”។
ទន្ទឹមនោះ អ្នកស្រី ហូ ធីថាំ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ លេខាសម្ព័ន្ធយុវជនឃុំ សឺនហុង ឱ្យដឹងថា អង្គការសមាគមតែងតែច្បាមជាប់មូលដ្ឋានជួយប្រជាជនក្នុងការបំពេញសំណុំឯកសារ។ អ្នកស្រី ហូ ធីថាំ បង្ហើបថា៖ “រហូតមកដល់ពេលនេះ នៅលើភូមិសាស្ត្រឃុំមានដើមទុនឥណទានគោលនយោបាយជិត ៦៩ ពាន់លានដុង មានជិត ៧០០ ក្រុមគ្រួសារកម្ចីទុន កើនឡើងជិត ១០ ពាន់លានដុងបើប្រៀបធៀបនឹងដើមឆ្នាំ ២០២៤។ បន្ទាប់ពីទទួលបានប្រភពទុន ជីវភាពរស់នៅរបស់ប្រជាជនស្ថិរភាព និងធូរធារជាងមុន ក្រុមគ្រួសារជាច្រើនបានពុះពារឈានឡើងចាកផុតពីភាពក្រីក្រ”។
ការនាំប្រភពទុនឱ្យកាន់តែខិតជិតប្រជាជនតំបន់ជាយដែនថែមទៀត
សឺនហុង គឺជាឃុំតំបន់ភ្នំ ព្រំដែនមានភូមិសាស្ត្រធំទូលាយ ជីវភាពរបស់ប្រជាជននៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្មកសិកម្ម ព្រៃឈើ និងចម្ការកូនភ្នំ។ លោក ង្វៀន មិញទន់ ប្រធានគណៈកម្មាធិការប្រជាជនឃុំ សឺនហុង ឱ្យដឹងថា បច្ចុប្បន្នមូលដ្ឋាននៅមាន ១១៤ ក្រុមគ្រួសារក្រីក្រ និងជិតបន្ទាត់ភាពក្រីក្រចាំបាច់ត្រូវការជំនួយឧបត្ថម្ភជាបន្ត។
ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធកំពុងសហការយ៉ាងស្អិតល្មួតដើម្បីនាំយកប្រភពទុនអនុគ្រោះទៅចំមុខសញ្ញាទទួលផល។
ជាពិសេស យោងតាមអ្នកស្រី ដាវ ធីថាយប៊ិញ នាយិកាការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ហឿងសឺន ដោយមានទិសស្លោកសកម្មភាពគឺតែងតែច្បាមជាប់ជាក់ស្តែងនៅមូលដ្ឋាន។ លោកស្រី ប៊ិញ មានប្រសាសន៍ថា៖ “ចំណុចពិសេសដាច់ដោយឡែកនៃឥណទានគោលនយោបាយនៅ ហឿងសឺន គឺមិនរង់ចាំឱ្យប្រជាជនមករកធនាគារនោះទេ ធនាគារត្រូវតែម្ចាស់ការនាំយកគោលនយោបាយទៅដល់មូលដ្ឋាន ចុះទៅដល់ភូមិ ក្រុមលំនៅឋាននីមួយៗ និងក្រុមគ្រួសារដែលមានតម្រូវការ”។
នាពេលខាងមុខ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ហឿងសឺន បន្តសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យមើលឡើងវិញនូវតម្រូវការទុនកម្ចី ផ្តល់អាទិភាពគំរូដែលបង្កើតការងារធ្វើ អភិវឌ្ឍមុខរបរចិញ្ចឹមជីវិត និងបង្កើនប្រាក់ចំណូល។ ស្របពេលនោះពង្រឹងការត្រួតពិនិត្យក្រោយការកម្ចី ណែនាំប្រជាជនឱ្យប្រើប្រាស់ដើមទុនក្នុងគោលបំណងត្រឹមត្រូវ និងលើកកម្ពស់គុណភាពនៃប្រតិបត្តិការរបស់ក្រុមសន្សែសន្សំ និងខ្ចីទុន៕
អត្ថបទនិងរូបថត៖ ហ៊ឺវក្វៀត
ប្រែសម្រួល៖ អៀងថាន់