លោក ដាំង បា បៅ ប្រធានមន្ទីរវប្បធម៌ និងសង្គមឃុំ តឹនខាយ មានប្រសាសន៍ថា៖ ទូទាំងឃុំមានការិយាល័យបោះឆ្នោតចំនួន ២១ បានបញ្ចប់ការវៀបចំបានរួចរាល់។ ទោះជាយ៉ាងណាក៏ដោយ ចំណុចលេចធ្លោសំខាន់បំផុតគឺយុទ្ធនាការឃោសនាតាមឯកសារឌីជីថល។ មន្ទីរវប្បធម៌ និងសង្គមកំពុងសម្របសម្រួលជាមួយសហភាពយុវជនក្នុងការផ្សព្វផ្សាយព័ត៌មានដល់ប្រជាជន ជាពិសេសជនជាតិភាគតិច អំពីការបោះឆ្នោត។
លោក បៅ បានចែករំលែកថា “យើងខ្ញុំធ្វើយុទ្ធនាការយល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ និងក្រុមសហគមន៍។ មន្ទីរវប្បធម៌ និងសង្គមសម្របសម្រួលជាមួយនគរបាលឃុំ តឹនខាយ ដើម្បីផ្សព្វផ្សាយវីដេអូ រូបភាព និងការណែនាំច្បាស់លាស់ ដើម្បីឱ្យប្រជាជនយល់អំពីដំណើរការបោះឆ្នោតដោយប្រើប្រាស់ការធ្វើបរិវត្តកម្មឌីជីថល”។
ជាពិសេស កម្មវិធី VNeID បានក្លាយជា “ស្ពានមេត្រីភាព” ដ៏សំខាន់មួយជួយអ្នកស្នាក់នៅបណ្ដោះអាសន្នអនុវត្តសិទ្ធិបានយ៉ាងងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅកាន់លំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួន។ ការឧបត្ថម្ភពីនគរបាលក្នុងការដោះស្រាយបញ្ហានៅលើកម្មវិធីជួយប្រជាជនមានអារម្មណ៍សុវត្ថិភាព មានទំនុកចិត្តលើដំណើរការថ្មី។
ប្រសិទ្ធភាពនៃការឃោសនាឌីជីថល និងការចូលរួមយ៉ាងជិតស្និទ្ធកម្មាភិបាលមូលដ្ឋាន ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងការវាយតម្លៃរបស់អ្នកបោះឆ្នោត។ លោក ឌៀវ ថាញ់ នៅភូមិលេខ ៣ (ពីមុនជាភូមិ តាកួង រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត) និងគ្រួសារជនជាតិភាគតិចជាច្រើនទៀតនៅក្នុងភូមិនេះ មានសេចក្តីសោមនស្សរីករាយក្នុងការទទួលបានព័ត៌មានតាមរបៀបទំនើប។
លោកបានចែករំលែកថា៖ "នៅពេលអាជ្ញាធរផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ខ្ញុំបានជូនដំណឹងយ៉ាងសកម្មដល់ប្រជាជនឱ្យបោះឆ្នោតមុន ដោយជ្រើសរើសដោយប្រុងប្រយ័ត្ននូវអ្នកមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ ដើម្បីកសាងប្រទេសឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ សូមអរគុណចំពោះការគាំទ្រពីសម្ព័ន្ធយុវជនឃុំ ខ្ញុំមានការយល់ដឹងយ៉ាងច្បាស់អំពីព័ត៌មាន។ ដូច្នេះ ខ្ញុំបន្តលើកទឹកចិត្តប្រជាជនឱ្យបោះឆ្នោតមុន និងអនុវត្តសិទ្ធិប្រជាជន"។
យោងតាមមន្ទីរវប្បធម៌ និងសង្គមនៃឃុំ តឹនខាយ ជាទូទៅប្រជាជនយល់អំពីបទប្បញ្ញត្តិ និងរបៀបប្តូរទីតាំងបោះឆ្នោតនៅលើ VNeID។ នៅពេលនេះ មូលដ្ឋានមិនទាន់ជួបប្រទះការលំបាកគួរឱ្យកត់សម្គាល់ណាមួយនៅឡើយទេ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង នគរបាលនឹងបន្តពន្យល់ ណែនាំប្រជាជនបោះឆ្នោតឱ្យបានត្រឹមត្រូវតាមកម្មវិធី VNeID។
ការរួមបញ្ចូលដ៏មានប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មឌីជីថល សាមគ្គីភាពសហគមន៍ គឺជាចំណុចលេចធ្លោមួយនៅក្នុងការងាររៀបចំការបោះឆ្នោតនៅក្នុងឃុំ តឹនខាយ។ ដោយមានការឧបត្ថម្ភពីកម្មវិធីបច្ចេកវិទ្យាឌីជីថល និងយតិភាពរបស់កម្មាភិបាល បក្ខជន និងសមាជិកសម្ពន្ធយុវជន យុវជន ព័ត៌មានបោះឆ្នោតពិតជាបានជ្រាបទៅក្នុងជីវិតរបស់ប្រជាជន ជាពិសេសនៅតំបន់ជនជាតិភាគតិច៕
អត្ថបទ និងរូបថត៖ កហ្គឿយហ៍
ប្រែសម្រួល៖ សឺន ហេង