ប្រវត្តិសាស្ត្រ អូរឡឹម និងជួរភ្នំ ថឹតសឺន ផ្សារភ្ជាប់ជាមួយនឹងស្ថាននាមដែលក្លាយជានិមិត្តរូបនៃស្មារតីមោះមុតអង់អាច និងឆន្ទៈមុតមាំរបស់ប្រជាជន និងកងទ័ពខេត្ត អានយ៉ាង។ នោះគឺស្ថាននាម អូរតាសុក ដ៏រដិបរដុប - កន្លែងធ្លាប់ជា "រដ្ឋធានី" នៃចលនាតស៊ូរបស់គណៈកម្មាធិការបក្សខេត្ត អានយ៉ាង ក្នុងអំឡុងឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៦៧។ ដោយមានប្រព័ន្ធរូងភ្នំធម្មជាតិដែលពាក់ព័ន្ធគ្នាដូចជា ដៀនត្រើយហ្គឹម វ៉ូអ៊ុតមឿយ។ល។
នៅចម្ងាយមិនឆ្ងាយនោះគឺកូនភ្នំ ទឹកយប់ - កូនភ្នំតូចមួយចំណុំភ្នំ កូតូ តែមានឋានៈមហិមានៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមតស៊ូប្រយុទ្ធ។ សមរភូមិដ៏ល្បីល្បាញរយៈពេល ១២៨ ថ្ងៃនិងយប់ បានប្រែក្លាយកន្លែងនេះទៅជាអន្ទាក់មរណៈកប់មហិច្ឆតារបស់សត្រូវ។ នៅពេលនោះ ជាមួយនឹងទឹកប្រាក់ដ៏ច្រើនមហិមាចំនួន ២ លានដុល្លារអាមេរិកដែលចក្រពត្តិអាមេរិកបានចំណាយដើម្បីពង្រាបកូនភ្នំនេះតែត្រូវបរាជ័យ ទឹកយប់ ក៏ត្រូវបានគេប្រសិទ្ធនាមម៉្យាងទៀតគឺ "កូនភ្នំ ២ លានដុល្លារ"។ ជាពិសេស ស្មារតីស្នេហាជាតិរបស់ប្រជាជន អូរឡឹម នៅទីនេះក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈរូបភាពរបស់បងស្រី នាងងៀស - វីរនារី ខ្មែរ ម្នាក់គត់នៃកងកម្លាំងប្រដាប់អាវុធប្រជាជនខេត្ត ជាអ្នករឹងមាំនៅចំពោះមុខការធ្វើទារុណកម្មដ៏ឃោរឃៅបំផុតរបស់សត្រូវ។
មកកាន់ អូរឡឹម នាសព្វថ្ងៃនេះ ជីវភាពរបស់ប្រជាជនកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដោយមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសង្គតិភាព ផ្លូវក្រាលកៅស៊ូ និងបេតុងលាតសន្ធឹងដល់ភូមិនិគមទាំង ១៨ នៅក្នុងឃុំ។ ភ្លើងអគ្គិសនីភ្លឺច្បាស់ ទឹកស្អាត រលកវ៉ាយហ្វាយ និងមានផាសុកភាពទំនើបៗជាច្រើនបានមកដល់គ្រប់គ្រួសារហើយ។
ដោយបន្តស្មារតីនៃដែនដីវីរភាពនេះ លោកស្រី ម៉ាយ ធីថែ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ អូរឡឹម ខេត្ត អានយ៉ាង មានប្រសាសន៍ថា ដោយមានប្រជាជនជាង ៦៥% ជាបងប្អូនជនជាតិ ខ្មែរ មូលដ្ឋានបានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវអត្តសញ្ញាណវប្បធម៌ជាមួយនឹងគំនិតអភិវឌ្ឍន៍ទំនើបៗ។
ដល់ចុងឆ្នាំ ២០២៥ ប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់សម្រេចបានជិត ៦០ លានដុងក្នុងមួយឆ្នាំ អត្រាភាពក្រីក្រថយចុះយ៉ាងខ្លាំងនៅត្រឹម ៨,០៤% ប៉ុននោះ (ថយចុះ ២,០៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤)។ល។
ឃុំ អូរឡឹម កំណត់វិស័យកសិកម្មជា "ទម្រ" ភូមិសិប្បកម្ម និងពាណិជ្ជកម្មជាកម្លាំងចលករ។ ក្នុងនោះ ទេសចរណ៍ - "ផ្នែកឧស្សាហកម្មគ្មានផ្សែង" កំពុងក្លាយមុខព្រួញយុទ្ធសាស្ត្រ ដោយមានស្ថាននាមល្បីៗដូចជា អូរតាសុក ភ្នំ ទឹកយប់ ឬក៏បឹង អូរធំ ជាដើម ក្លាយជាគោលដៅទាក់ទាញ បង្កើតសម្ទុះកំណើនប្រកបដោយស្ថិរភាពសម្រាប់មូលដ្ឋាននេះ។ គិតត្រឹមតែ ៤ ខែដើមឆ្នាំ ២០២៦ អូរឡឹម បានស្វាគមន៍ភ្ញៀវទេសចរជាង ៥០.០០០ លើកនាក់មកទស្សនា ដែលជាចំនួនគួរឱ្យចាប់អារម្មណ៍មួយបញ្ជាក់ពីភាពទាក់ទាញយ៉ាងខ្លាំងក្លានៃតំបន់បេតិកភណ្ឌនេះ។
ការវិវត្តខ្លួនរបស់ឃុំ អូរឡឹម មិនត្រឹមតែវត្តមានជាស្ពានមេត្រីតភ្ជាប់លម្ហអភិវឌ្ឍន៍ ឬផ្ទះថ្មីៗប៉ុននោះទេ ថែមទាំងស្ថិតនៅក្នុងរបៀបរបបដែលប្រជាជនឱ្យតម្លៃអតីតកាល បន្តស្មារតីបដិវត្តន៍ដើម្បីកសាង និងអភិវឌ្ឍស្រុកកំណើតទៀតផង៕
អត្ថបទ និងរូបថត៖ កុងម៉ៅ
ប្រែសម្រួល៖ ចន្ថា